ព្រះបាទសូរ្យវរ្ម័នទី២ (Suryavarman II)
ព្រះបាទសូរ្យវរ្ម័នទី២ (Suryavarman II) : ព្រះមហាក្សត្រខ្មែរដ៏ខ្លាំងក្លាមួយព្រះអង្គនាសម័យអង្គរដែលជាអ្នកផ្ដួចផ្ដើមសាងសង់សំណង់ស្ថាបត្យកម្មដែលមានភាពល្បីល្បាញបំផុត និងមានភាពអាថ៌កំបាំងបំផុត ក្នុងចំណោមប្រាសាទបុរាណនានានៅក្នុងលោក
ព្រះបាទសូរ្យវរ្ម័នទី២ គឺជាព្រះមហាក្សត្រខ្មែរសម័យអង្គរដ៏ល្បីល្បាញមួយព្រះអង្គ។ ស្នាព្រះហស្ដដ៏សំខាន់ជាងគេក្នុងរាជ្យរបស់ព្រះអង្គ គឺការដឹកនាំស្ថាបនាប្រាសាទអង្គរវត្តដ៏ល្អគ្មានពីរនៅលើពិភពលោកយើងនេះ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ការដណ្ដើមអំណាចឡើងគ្រងរាជ្យរបស់ព្រះអង្គ ពោរពេញទៅដោយការបង្ហូរឈាម។ ក្នុងរជ្ជកាលរបស់ព្រះអង្គ ប្រទេសខ្មែរមានវិសាលភាពធំទូលាយណាស់ គឺខាងជើងទល់នឹងប្រទេសចិន ខាងត្បូងទល់នឹងសមុទ្រចិន គឺពីកូថារ៉ា (បច្ចុប្បន្នញ៉ាត្រាងក្នុងប្រទេសវៀតណាម) រហូតដល់ឈូងសមុទ្របានឌុង (នៅម៉ាឡេស៊ី)។ ខាងលិចទល់នឹងប្រទេសភូមា ហើយព្រំប្រទល់ខាងកើតទល់នឹងប្រទេសចំប៉ា។
នៅចុងសតវត្សទី១១
មានសត្តតិវង្សថ្មីមួយបានឡើងសោយរាជ្យនៅអង្គរ ហើយបានកាន់កាប់អំណាចអស់រយះពេលជាង១០០
ឆ្នាំ។ គេបានដឹងតិចតួចពីព្រះមហាក្សត្រ២អង្គដំបូង គឺព្រះបាទជ័យវរ្ម័នទី៦
និងព្រះអនុជរបស់ទ្រង់ ព្រះនាមព្រះបាទធរណីន្រ្ទវរ្ម័នទី១ ។
ប៉ុន្តែចៅក្មួយប្រុសមួយរបស់ព្រះមហាក្សត្រទាំងពីរអង្គនេះ គឺព្រះបាទសូរ្យវរ្ម័នទី២
ដែលបានស្ថាបនាប្រាសាទអង្គរវត្ត គឺជាក្សត្រដែលបានបង្រួបបង្រួមប្រទេស
ដូចព្រះបាទយសោវរ្ម័នទី២ និងព្រះបាទសូរ្យវរ្ម័នទី១ ដែរ ។
មុនពេលដែលព្រះអង្គឡើងគ្រងរាជ្យនោះ
ប្រទេសកម្ពុជា មានព្រះរាជាពីរអង្គគ្រងរាជ្យក្នុងពេលតែមួយ។
មួយអង្គទ្រង់សោយរាជ្យនៅរាជធានីអង្គរ មានព្រះនាមថា ព្រះបាទនឫទិន្ទ្រវរ្ម័ន
ដែលឡើងសោយរាជ្យស្របច្បាប់បន្តពីព្រះបាទហស៌វរ្ម័នទី៣។ មួយព្រះអង្គទៀតព្រះនាម
ព្រះបាទធរណិន្ទ្រវរ្ម័នទី១ ដែលទ្រង់សោយរាជ្យបន្តពីព្រះរៀមរបស់ព្រះអង្គ
គឺព្រះបាទជ័យវរ្ម័នទី៦ នៅរាជធានីមហិធរៈបុរៈ ដែលស្ថិតនៅភាគខាងលិចនៃប្រទេស។
ព្រះបាទធរណិន្ទ្រវរ្ម័នទី១ ទ្រង់ឡើងសោយរាជ្យនៅឆ្នាំ១១០៧
ហើយទ្រង់ចូលទិវង្គតឆ្នាំ១១១២ នៃគ្រិស្ដសករាជ ដោយមានព្រះមរណនាមថា បរមនិស្កលបទ។
អ្នកដែលធ្វើគត់ព្រះបាទធរណិន្ទ្រវរ្ម័នទី១
ដើម្បីដណ្ដើមរាជ្យនោះ គឺព្រះបាទសូរ្យវរ្ម័នទី២ ដែលជាចៅក្មួយរបស់ព្រះអង្គនោះឯង។
ដំបូង ព្រះបាទសូរ្យវរ្ម័នទី២ ធ្វើគត់ព្រះបាទធរណិន្ទ្រវរ្ម័នទី១ ជាឪពុកមារបស់ខ្លួន។
បន្ទាប់មក ព្រះអង្គក៏បានលើកទ័ពទៅច្បាំងជាមួយព្រះបាទនឫទិន្ទ្រវរ្ម័ន
ព្រះរាជាសោយរាជ្យនៅរាជធានីអង្គរ ហើយធ្វើគត់ព្រះអង្គបានទៀត។
ការធ្វើគត់ព្រះរាជាទាំងពីរដែលចែកដីគ្នាគ្រងរាជ្យនៅកម្ពុជា ក្នុងពេលតែមួយនេះ
បានធ្វើអោយព្រះបាទសូរ្យវរ្ម័នទី២ អាចបង្រួបបង្រួមនគរខ្មែរអោយទៅជាមួយឡើងវិញ។
ក្រោយពីធ្វើគត់ព្រះរាជាទាំងពីរបានហើយ ព្រះអង្គក៏ទ្រង់ឡើងសោយរាជ្យនៅរាជធានីអង្គរ
(យសោធបុរ)។ ពិធីរាជាភិសេកក្នុងការឡើងគ្រងរាជ្យនេះ
ត្រូវបានរៀបចំឡើងដោយព្រះរាជគ្រូព្រាហ្មណ៍បុរោហិតទិវាករបណ្ឌិត ដដែល។
ព្រះបាទសូរ្យវរ្ម័នទី២
គឺជាព្រះមហាក្សត្រដំបូងគេ ដែលសោយរាជ្យរាជាណាចក្រខ្មែររួបរួមគ្នាតែមួយចាប់តាំងពី
ព្រះបាទឧទយាទិត្យវរ្ម័នទី២ បានសោយទីវង្គតក្នុងទសវត្សរ៍ឆ្នាំ១០៦០។
ប្រសិនបើគេជឿតាមសិលាចារឹតរបស់ទ្រង់ ទ្រង់បានទទួលអំណាចនៅពេលទ្រង់នៅក្មេង
បន្ទាប់ពីទទួលបានជ័យជំនះក្នុងការប្រយុទ្ធប្រឆាំងនិងក្សត្រាមួយអង្គដែលជាគូប្រជែង ៖ « ដោយឃ្លាតចេញពីកងទព័របស់ទ្រង់
ដែលធំមហិមាដូចសមុទ្រនៅក្នុងសមរភូមិ […] ទ្រង់លោតផ្លោះទៅឈរលើក្បាលដំរីរបស់រាជសត្រូវ
ហើយបានពិឃាត [ ស្ដេចនោះ ] ប្រៀបដូចជាគ្រុឌសម្លាប់ពស់នៅល់ជំរាលភ្នំដូច្នោះដែរ »
លុះទ្រង់បានឡើងសោយរាជ្យហើយ ព្រះអង្គទ្រង់បានភ្ជាប់ចំណងមិត្តភាពជាមួយប្រទេសចិន
ឡើងវិញ ហើយព្រះអង្គបានបញ្ជូនគណៈបេសកកម្មការទូតពីរទៅប្រទេសចិន គឺមួយនៅឆ្នាំ១១១៦
និងមួយទៀតនៅឆ្នាំ១១២០ នៃគ្រិស្ដសករាជ។
ទ្រង់បានបង្កើតទំនាក់ទំនងផ្លូវទូតជាមួយប្រទេសចិន
ហើយទ្រង់ជាព្រះមហាក្សត្រដំបូងនៅអង្គរដែលបានធ្វើដូច្នេះដែរ។ បន្ទាប់មក
ព្រះបាទសូរ្យវរ្ម័ន ទី២ បានបើកយុទ្ធនាការនៅទិសខាងកើតច្បាំងនឹងយួនដៃវៀត និងចំប៉ា។
ព្រះបាទសូរ្យវរ្ម័នទី២
ជាស្ដេចសឹកដ៏អង់អាចក្លាហាន។ ព្រះអង្គបានធ្វើសង្គ្រាមជាញឹកញាប់
ដោយបានច្បាំងជាច្រើនលើកច្រើនសាជាមួយនឹងប្រទេសចំប៉ា ដែលបានបញ្ជូនទ័ពមកឈ្លានពានទឹកដីខ្មែរតាំងពីមុនរាជ្យរបស់ព្រះអង្គ
គឺពេលដែលប្រទេសបែកបាក់គ្នា ហើយមានស្ដេចសោយរាជ្យដល់ទៅពីរអង្គក្នុងពេលតែមួយនោះ។
សង្គ្រាមជាមួយប្រទេសចំប៉ា នេះបានទទួលជោគជ័យ
ហើយខ្មែរបានកាន់កាប់រាជធានីវិជ័យពីឆ្នាំ១១៤៥ ដល់ឆ្នាំ១១៤៩
ហើយដាក់ប្អូនថ្លៃព្រះអង្គឈ្មោះ ហរិទេវៈ អោយសោយរាជ្យនៅទីនោះផង។ ច្បាំងនឹងយួនដៃវៀត
ដែលចេះតែឃុបឃិតគាំទ្រពួកក្បត់ ហើយអនុញ្ញាតអោយពួកនេះជ្រកកោនផង។
ច្បាំងនឹងក្សត្របុរីថៃ ដែលក្រោកបះបោរនៅវាលទំនាបខាងលើនៃទន្លេមេណាម ផង
ហើយច្បាំងជាមួយពួកមន នៅហរិបុញ្ជ័យ ថែមទៀតផង។
ដោយសារព្រះអង្គជាស្ដេចសឹកដ៏ខ្លាំងពូកែដូច្នេះហើយ ទើបព្រះចៅក្រុងចិន
ថ្វាយព្រះឋានន្តរនាមដ៏ខ្ពង់ខ្ពស់ចំពោះព្រះអង្គថា គិនពីវពិនចេង
ដែលប្រហែលជាត្រូវនឹងពាក្យខ្មែរថា កម្រតេង នោះឯង។
ព្រះបាទសូរ្យវរ្ម័នទី២
ទ្រង់ជាមគ្គុទ្ទេសក៍ដ៏ឆ្លាតវាងវៃក្នុងការដឹកនាំប្រទេសជាតិ។ ដូចព្រះបាទសូរ្យវរ្ម័ន
ទី១ ដែរ ព្រះអង្គក៍បានផ្ដាច់ព្រះកាយចេញពីសាសនារបស់ស្ដេចមុនៗ ដែរ។
ព្រះបាទសូរ្យវរ្ម័ន ទី២ បង្ហាញពីការគោរពបូជាចំពោះព្រះនារាយណ៍ (ព្រះវិស្ណុ)។
ព្រះអង្គជាព្រះមហាក្សត្រខ្មែរដំបូងបំផុត
ដែលមានជំនឿស៊ប់លើសាសនាព្រាហ្មណ៍គណៈព្រះវិស្ណុ
ដែលក្នុងសម័យនោះមានប្រជាប្រិយភាពធំធេងនៅប្រទេសឥណ្ឌា ផង និងនៅកោះជ្វា ផង។ ព្រះអង្គបានលើកតម្កើងសាសនាព្រាហ្មណ៍គណៈវិស្ណុ
នេះអោយទៅជាសាសនារបស់រដ្ឋ។ ទោះជាយ៉ាងនេះក្តី មានភស្តុតាងថា
ព្រះអង្គបានឧបត្ថមដល់ព្រះពុទ្ធសាសនា ផងដែរ។
នៅក្នុងរាជ្យរបស់ព្រះអង្គ
បដិមាតំណាងព្រះរាជាដែលគេតម្កល់ក្នុងប្រាសាទធំៗ លែងជាសិវលិង្គរបស់ព្រះឥសូរ ទៀតហើយ
តែជាព្រះវិស្ណុបដិមាវិញ។ ខាងវិស័យសំណង់ ព្រះបាទសូរ្យវរ្ម័នទី២
ទ្រង់ជាព្រះមហាក្សត្រមួយអង្គដែលមានស្នាព្រះហស្តយ៉ាងច្រើនសម្បើម
ដោយព្រះអង្គបានបន្តការស្ថាបនាប្រាសាទភ្នំជីសូរ ប្រាសាទភ្នំសណ្ដក ប្រាសាទវត្តភូ
និងប្រាសាទព្រះវិហារ។ ឯសំណង់ថ្មីមានប្រាសាទព្រះពិធូរ ប្រាសាទចៅសាយទេវតា ប្រាសាទធម្មនន្ទ
ប្រាសាទបន្ទាយសំរ៉ែ និងប្រាសាទអង្គរវត្ត ដែលជាស្នាដៃដ៏ល្អប្រណីតនៃសិល្បៈខ្មែរ
ហើយដែលត្រូវគេចាត់ទុកថា ជាសំណង់សាសនាមួយដ៏ធំជាងគេក្នុងពិភពលោក។
ការគោរពបូជារបស់ ព្រះបាទសូរ្យវរ្ម័នទី២ ចំពោះព្រះនរាយណ៍
បាននាំព្រះអង្គស្ថាបនាប្រាសាទធំបំផុត ប្រហែលជាល្អបំផុត និងមានភាពអាថ៌កំបាំងបំផុត
ក្នុងចំណោមប្រាសាទនានានៅអង្គរ ដែលឥឡូវនេះគេហៅថា ប្រាសាទអង្គរវត្ត ឫអង្គរតូច។
ប្រាសាទអង្គរវត្ត ក៏ជាទីដែលគេតម្កល់បដិមាព្រះវិស្ណុ
និងក៏ប្រហែលជាទីដែលគេបញ្ចុះព្រះធាតុរបស់ព្រះអង្គ
ក្នុងពេលដែលព្រះអង្គសោយទិវង្គតទៅនោះ។ គេបានចាប់ផ្ដើមកសាងប្រសាទនេះ នៅដើមរជ្ជកាលរបស់ទ្រង់
ហើយគេមិនបានកសាងរួចរាល់ទាំងស្រុងទេរហូតដល់ព្រះអង្គសោយទិវង្គតនៅប្រហែលឆ្នាំ១១៥០។
មានភស្ថុតាងគួរឲ្យចាប់អារម្មណ៍
ទើបប្រទះឃើញថ្មីៗនេះ បញ្ជាក់ថា បដិមាព្រះនារាយណ៍មាឌធំនៅកណ្ដាលប្រាសាទអង្អរវត្ត
ដែលធ្លាប់បាត់បង់ទៅតាំងពីយូរណាស់មកមុនគេប្រទះឃើញវិញនោះ ដែលអ្នកស្រុកហៅថា តារាជៗ
គេបានឧទ្ទិសឆ្លងនៅក្នុងខែកក្កដា ឆ្នាំ១១៣១ ទំនងជាក្នុងខួបកំណើតលើកទី៣៣
របស់ព្រះបាទសូរ្យវរ្ម័ន
(ជាតួលេខមួយមានអត្ថន័យសំខាន់ខាងលោកធាតុវិទ្យានៅក្នុងសាសនាឥណ្ឌា) ។
នៅភាគខាងចុងរាជ្យរបស់ព្រះអង្គក្នុងឆ្នាំ១១៤៩ ពួកចាម បានងើបបះបោរ
រួចបានធ្វើគត់ ហរិទេវៈ ដែលជាប្អូនថ្លៃរបស់ព្រះអង្គសោយរាជ្យនៅក្រុងវិជ័យ
ហើយរំដោះប្រទេសចំប៉ា បានពីកម្ពុជា។ ព្រះបាទសូរ្យវរ្ម័នទី២
ទ្រង់ឡើងគ្រងរាជ្យពីឆ្នាំ១១១៣ ហើយប្រហែលជាទ្រង់សោយទិវង្គត នៅឆ្នាំ១១៤៩ ឬឆ្នាំ១១៥០
នៃគ្រិស្ដសករាជ ដោយមានព្រះមរណនាមថា បរមវិស្ណុលោក៕
៨. ព្រះបាទជ័យវរ្ម័នទី៧
(១១៨១-១២១៨)
ព្រះបាទជ័យវរ្ម័នទី៧
ជាព្រះរាជបុត្ររបស់ព្រះបាទធរណិន្ទ្រវរ្ម័នទី២ និងព្រះមាតាព្រះនាម ចូឌាមណី។
ក្នុងពេលដែលព្រះបិតាព្រះអង្គទ្រង់សោយទិវង្គត ហើយព្រះបាទយសោវរ្ម័នទី២
ដែលជាព្រះញាតិរបស់ព្រះបិតាព្រះអង្គ ឡើងសោយរាជ្យស្នងនោះ ព្រះអង្គទ្រង់ជាប់រវល់ច្បាំងជាមួយពួកចាម
ឯប្រទេសចំប៉ា ឯណោះ។ លុះទ្រង់ជ្រាបថា
មានមន្ត្រីក្បត់បះបោរដណ្ដើមរាជ្យព្រះបាទយសោវរ្ម័នទី២
ព្រះអង្គក៏យាងត្រឡប់មកពីប្រទេសចំប៉ា វិញយ៉ាងលឿន
ដើម្បីជួយការពារព្រះបាទយសោវរ្ម័នទី២។ ប៉ុន្តែជាការឥតប្រយោជន៍
ព្រោះព្រះអង្គយាងមកមិនទាន់ ហើយមន្ត្រីក្បត់បានធ្វើគត់ព្រះបាទយសោវរ្ម័នទី២ បាន
ហើយប្រកាសខ្លួនឡើងសោយរាជ្យរួចទៅហើយ។
ព្រះអង្គក៏ទ្រង់គង់យ៉ាងស្ងាត់ស្ងៀមនៅក្នុងប្រទេសកម្ពុជា
រហូតដល់មានព្រឹត្តិការណ៍ចាម វាយលុកយ៉ាងធំសម្បើម ហើយធ្វើគត់ស្ដេចដណ្ដើមរាជ្យបាន ដុតបំផ្លាញក្រុងអង្គរក្នុងឆ្នាំ១១៧៧
នោះ ទើបព្រះអង្គទ្រង់សច្ចាថា នឹងសងសឹកវិញអោយទាល់តែបាន។
ព្រះអង្គទ្រង់បានច្បាំងតតាំងនឹងចាម យ៉ាងស្វិតស្វាញជាទីបំផុត
ដើម្បីរំដោះប្រទេសជាតិអោយរួចផុតពីការជិះជាន់របស់បរទេសនេះ។ ទីបំផុត
ព្រះអង្គទទួលបានជោគជ័យជាស្ថាពរក្នុងចំបាំងជើងទឹក
ដូចមានរូបចម្លាក់លើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ ជាសក្ខីភាពស្រាប់។
ព្រះអង្គទ្រង់ឡើងគ្រងរាជ្យក្នុងព្រះជន្មាយុ ៥៦ព្រះវស្សា ក្នុងឆ្នាំ១១៨១
នៃគ្រិស្តសករាជ នៅយសោធបុរៈ គឺរាជធានីអង្គរ។ ព្រះបាទជ័យវរ្ម័នទី៧
ជាព្រះមហាក្សត្រដ៏មានមហិទ្ធិឫទ្ធិបំផុតក្នុងព្រះរាជពង្សាវតារនៃប្រទេសកម្ពុជា។
ក្នុងវិស័យសឹកសង្គ្រាមក្នុងរាជ្យព្រះអង្គ មានការបះបោរផ្ទៃក្នុងមួយនៅមល្យងខាងត្បូង
ខេត្តបាត់ដំបង។ ព្រះអង្គបានបញ្ជាអោយយុវក្សត្រចាម មួយអង្គព្រះនាមវិទ្យានន្ទ
ដែលបានមករស់នៅប្រទេសខ្មែរតាំងពីក្មេង វាយកម្ចាត់បានដោយជោគជ័យ។ ឯនគរចំប៉ា វិញ ស្ដេចចាម
ជ័យឥន្ទ្រវរ្ម័នទី៤ បានលើកទ័ពមកឈ្លានពានប្រទេសកម្ពុជា សាជាថ្មី។
ព្រះអង្គក៏បានបញ្ជូនកងទ័ពវាយបង្ក្រាបរហូតដល់ទីបំផុត រឹបយកនគរចំប៉ា
ដាក់ជាអាណាខេត្តរបស់ប្រទេសខ្មែរបាន តាំងពីឆ្នាំ១២០៣ រហូតដល់ឆ្នាំ១២២៦
នៃគ្រិស្ដសករាជ។ ឆ្នាំ១២០៧ ព្រះបាទជ័យវរ្ម័នទី៧ បានបញ្ជាអោយក្សត្រចាម
មួយអង្គព្រះនាមអង្សរាជ អោយលើកទ័ពចម្រុះខ្មែរ ភូមា សៀម ទៅវាយប្រទេសយួនដៃវៀត។
ដើមសតវត្សរ៍ទី១៣ នៅក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧
ប្រទេសខ្មែរមានវិសាលភាពធំទូលាយណាស់ គឺខ្មែរអាចគ្រប់គ្រងលើទឹកដីប្រទេសខ្មែរសព្វថ្ងៃ
រាប់ទាំងដែនដីកម្ពុជាក្រោមផង ប្រទេសចំប៉ា ទាំងមូលផង ទឹកដីប្រទេសឡាវ និងប្រទេសថៃ
សព្វថ្ងៃផង រួមទាំងមួយភាគនៃជ្រោយម៉ាឡាស៊ី រហូតដល់ជ្រោយកោះក្រា ហើយនិងប្រទេសភូមា
រហូតដល់ទន្លេសាលវិន។ ក្នុងវិស័យសំណង់វិញ ព្រះបាទជ័យវរ្ម័នទី៧
ជាព្រះមហាក្សត្រដែលបានសាងសមិទ្ធិច្រើនជាងគេបង្អស់។ ស្នាព្រះហស្ដចម្បងរបស់ព្រះបាទជ័យវរ្ម័នទី៧
គឺការរៀបចំកសាងរាជធានីអង្គរ ដែលចាម បានវាយបំផ្លាញពីឆ្នាំ១១៧៧
នោះអោយបានរៀបរយល្អឡើងវិញ ដោយមានកំពែងថ្មបាយក្រៀម និងមានគូទឹកព័ទ្ធជុំវិញមានប្រវែង
៣គីឡូម៉ែត្រក្នុងមួយជ្រុងៗ មានគោបុរៈ គឺទ្វារធំចំនួន៥ និងមានប្រាសាទបាយ័ន
ដែលមានកំពូលសុទ្ធតែមានមុខ៤ ដែលគេជឿថា ជាព្រះភ័ក្ត្ររបស់ព្រះពោធិសត្វអវលោគិតិស្វរៈ
ជាស្នូលកណ្ដាល ដែលយើងនិយមហៅថាក្រុងអង្គរទី៣។ នៅជុំវិញក្រុងមានប្រាសាទបន្ទាយក្ដី
តាព្រហ្ម ព្រះខាន់ នាគព័ន្ធ តាសោម ក្រោលគោ និងនៅតាមខេត្តមានប្រាសាទបន្ទាយឆ្មារ
(នៅខេត្តបាត់ដំបង) វត្តនគរ (នៅខេត្តកំពង់ចាម) តាព្រហ្មបាទី (នៅខេត្តតាកែវ)
និងប្រាសាទជាច្រើនទៀតក្នុងទឹកដីថៃ សព្វថ្ងៃ ដូចជា ប្រាសាទវត្តមហាធាតុ
(នៅខេត្តលុបបុរី) ប្រាសាទភិម័យ (នៅខេត្តនគររាជសីមា) ប្រាសាទតាមាន់តូច
(នៅខេត្តសុរិន្ទ) ប្រាសាទកំផែងលែង (នៅខេត្តពេជ្របុរី) ប្រាសាទកំពែងតូច
(នៅខេត្តស៊ីសាកេត) ជាដើម។
ខាងវិស័យសាសនាវិញ
ដូចជា ព្រះបិតា និងព្រះមាតាព្រះអង្គដែរ ព្រះបាទជ័យវរ្ម័នទី៧
និងព្រះរាជអគ្គមហេសីជ័យរាជទេវី ដែលសោយទិវង្គតទៅ
ព្រមទាំងព្រះរាជអគ្គមហេសីឥន្ទ្រទេវី ដែលជាព្រះរៀមរបស់ព្រះនាងជ័យទេវី
ដែលព្រះអង្គបានរៀបអភិសេកខាងក្រោយ ហើយជាព្រះក្សត្រីប្រកបដោយចំណេះវិជ្ជាយ៉ាងជ្រៅជ្រះ
សុទ្ធតែជាពុទ្ធសាសនិកជនយ៉ាងប្ដូរផ្តាច់។ ព្រះអង្គគោរពពុទ្ធសាសនាមហាយាន
ពិសេសគឺគោរពបូជាព្រះពោធិសត្វ អវលោគិតិស្វរៈ ឬលោកេស្វរៈ។
ពិតមែនតែព្រះអង្គកាន់ពុទ្ធសាសនា
ប៉ុន្តែព្រះអង្គក៏បានជួយផ្គត់ផ្គង់ថែរក្សាការពារព្រហ្មញ្ញសាសនា
អោយបានរីកចម្រើនផងដែរ។ ប្រាសាទភ្នំទាំងឡាយដែលក្នុងរាជ្យមុនៗ តម្កល់លិង្គទេវរាជ
ហើយមកដល់អង្គរវត្តនៃព្រះបាទសូរ្យវរ្ម័នទី២ តម្កល់ព្រះបដិមាព្រះវិស្ណុ ប្រាសាទបាយ័ន
ដែលជាស្នូលនៃអង្គរទី៣ ត្រូវបានព្រះបាទជ័យវរ្ម័នទី៧
តម្កល់ព្រះបដិមាពុទ្ធរាជមួយអង្គយ៉ាងធំសម្បើម មានកម្ពស់ជិត ៤ម៉ែត្រ
ឯកសារខ្លះថាដល់ទៅ ៩ម៉ែត្រ។ ព្រះបាទជ័យវរ្ម័នទី៧
ទ្រង់ជាព្រះមហាក្សត្រប្រកបដោយធម៌ទសពិធ
និងមានព្រហ្មវិហារធម៌សន្តោសប្រោសប្រណីដល់អស់សព្វសត្វ ដូចសិលាចារឹក
មន្ទីរពេទ្យរបស់ព្រះអង្គបានចែងថា៖ «ជំងឺរបស់ប្រជារាស្ត្រ
ធ្វើអោយព្រះអង្គឈឺចាប់ជាងជំងឺផ្ទាល់របស់ព្រះអង្គទៅទៀត ព្រោះថា
គឺសេចក្តីឈឺចាប់សាធារណៈនេះហើយ ជាសេចក្តីឈឺចាប់របស់ព្រះរាជា
ពុំមែនសេចក្តីឈឺចាប់ផ្ទាល់ទេ ដែលធ្វើអោយព្រះអង្គឈឺចាប់នោះ»។
ដោយសារព្រះគតិបណ្ឌិតខាងលើនេះ ព្រះអង្គបានសាងមន្ទីរពេទ្យចំនួន១០២
នៅក្នុងផ្ទៃប្រទេសទាំងមូល ដែលមនុស្សក្នុងវណ្ណៈទាំងបួនអាចចូលព្យាបាលរោគបានដូចគ្នា
ព្រមទាំងសាលាសំណាក់ ឬធម្មសាលាចំនួន១២១ នៅតាមបណ្តោយផ្លូវធំៗនៃអាណាចក្រថែមទៀតផង។
ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់ឡើងគ្រងរាជ្យនៅឆ្នាំ១១៨១។ គេមិនបានដឹងច្បាស់ថា ព្រះអង្គចូលទិវង្គតនៅឆ្នាំណាពិតប្រាកដទេ គេគ្រាន់តែសង្ស័យថា ព្រះអង្គទំនងជាបានសោយរាជ្យដល់ឆ្នាំ១២១៨ នៃគ្រិស្ដសករាជ ហើយពេលដែលព្រះអង្គសុគតទៅ ទ្រង់បានទទួលព្រះមរណនាមថា មហាបរមសៅគត៕
.jpg)

Post a Comment