អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីប្រគល់រង្វាន់ «សម្តេចធិបតី និងលោកជំទាវបណ្ឌិត» ជូនសិស្សឆ្នើមថ្នាក់ទី១០ ក្នុងស្រុកព្រៃឈរ
(កំពង់ចាម)៖ នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន
ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីប្រគល់រង្វាន់លើកទឹកចិត្តជូនសិស្សឆ្នើមថ្នាក់ទី១០
ដែលទទួលបានជ័យលាភីពានរង្វាន់ «សម្តេចមហាបវរធិបតី ហ៊ុន
ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត» សម្រាប់ឆ្នាំសិក្សា
២០២៦-២០២៧ ប្រចាំស្រុកព្រៃឈរ នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ
ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម
កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ មាតាបិតា
អាណាព្យាបាល និងសិស្សានុសិស្សជាច្រើនរូប។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
បានសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស និងលោកគ្រូ
អ្នកគ្រូ ព្រមទាំងបានលើកទឹកចិត្តឱ្យសិស្សានុសិស្សបន្តយកចិត្តទុកដាក់ក្នុងការសិក្សា
ពង្រឹងចំណេះដឹងផ្នែកវិទ្យាសាស្ត្រ និងភាសាបរទេស ព្រមទាំងចេះស្រាវជ្រាវ
និងប្រើប្រាស់បច្ចេកវិទ្យាទំនើប រួមទាំងបញ្ញាសិប្បនិម្មិត (AI) ជាជំនួយក្នុងការសិក្សា
ដើម្បីអភិវឌ្ឍសមត្ថភាពឱ្យស្របតាមការវិវត្តនៃយុគសម័យឌីជីថល
និងបដិវត្តន៍ឧស្សាហកម្មជំនាន់ថ្មី។
ឯកឧត្តមបានបញ្ជាក់ថា ក្នុងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា
យុវជនជំនាន់ក្រោយត្រូវមានសមត្ថភាពត្រិះរិះពិចារណា
ចេះប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់
ព្រមទាំងចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដើម្បីក្លាយជាពលរដ្ឋឌីជីថលល្អ
និងជាធនធានមនុស្សប្រកបដោយសក្តានុពលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានមានប្រសាសន៍ថា
ការទទួលបានរង្វាន់នាពេលនេះ មិនមែនជាការបញ្ចប់នៃភាពជោគជ័យក្នុងជីវិតនោះទេ
ប៉ុន្តែជាការលើកទឹកចិត្ត និងជាការទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិស្សានុសិស្សនាពេលកន្លងមក។
ឯកឧត្តមបានផ្តាំផ្ញើឱ្យសិស្សានុសិស្សកុំមានមោទនភាពហួសហេតុ
តែត្រូវបន្តខិតខំរៀនសូត្របន្ថែមទៀត ព្រមទាំងប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ គុណធម៌
និងការគោរពច្បាប់ទម្លាប់ក្នុងសង្គម។
ឯកឧត្តមបានបន្ថែមថា ការរៀបចំពិធីប្រគល់ពានរង្វាន់ និងរង្វាន់លើកទឹកចិត្តនេះ
បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ
និងការកសាងមូលធនមនុស្សប្រកបដោយចំណេះដឹង សមត្ថភាព និងគុណភាព
ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។
ពិធីនេះបានបញ្ចប់ទៅក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល ដោយបានផ្តល់នូវការលើកទឹកចិត្ត
និងជំរុញទឹកចិត្តដល់សិស្សានុសិស្សឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ
ដើម្បីសម្រេចបានលទ្ធផលកាន់តែល្អប្រសើរ
និងក្លាយជាធនធានមនុស្សដ៏មានសក្តានុពលសម្រាប់ប្រទេសជាតិនាពេលអនាគត៕

.jpg)



.jpg)
.jpg)
.jpg)

.jpg)
.jpg)

.jpg)

.jpg)
.jpg)
.jpg)

.jpg)
Post a Comment