រចនាសម្ព័ន្ធប្រាសាទបុរាណខ្មែរ
បុព្វបុរសខ្មែរយើងបានសង់ប្រាសាទជាច្រើន ដើម្បីឧទ្ទិសដល់អាទិទេព សម្រាប់បូជាមានលក្ខណៈរចនាបទសាសនាព្រហ្មណ៍ ដែលប្រាសាទនីមួយៗចែកជា៖
១‑ ជញ្ជាំង៖ ធ្វើអំពីថ្មគឺគេយកថ្មដែលគេបានត្រដុសរំលីងហើយមកដាក់បន្តុបលើគ្នា ។
២‑ វូត ឬដំបូលប្រាសាទ៖ ធ្វើអំពីឥដ្ឋ ឬថ្មភក់នៅស្រុកខ្មែរយើងគេធ្វើដំបូលប្រាសាទដោយរៀបដុំថ្មឲ្យលៀនចេញពីគ្នាបន្តិចម្ដងៗរហូតដល់ជួបគ្នាដល់ដំបូលលើបង្អស់ ។ ជួនកាលគេធ្វើពិដានបាំងដើម្បីកុំឲ្យមើលឃើញដំបូលប្រាសាទបែបនេះ ។
៣‑ ទ្វារ‑បង្អួច៖ ក្របទ្វារធ្វើអំពីថ្មភក់ ឯបង្អួចមានរាងការេ ឬរាងចតុកោណកែង ។ ជួនកាលគេធ្វើទ្វារបង្អួចបិទជិតដោយភាគអំពីថ្មបាយក្រៀម ។ នៅតាមជញ្ជាំងខ្លះសិល្បៈករខ្មែរបានឆ្លាក់ធ្វើទ្វារបង្អួចបញ្ឆោត ។
៤‑ ផ្ដែរៈ៖ មានទំហំធំ និងទម្ងន់ធ្ងន់ផ្ដែរមានពីរៈ ផ្ដែរទី១ (ផ្ដែរទម្ររ) គឺជាផ្ទាំងថ្មធម្មតា និងផ្ដែរទី២ (ផ្ដែរលម្អ) គឺមានឆ្លាក់រូប ឬរឿងរ៉ាវផ្សេងៗ ហើយដាក់បិទពីមុខផ្ដែរទី១ ។
រចនាសម្ព័ន្ធទូទៅ
គេសាងប្រាសាទសម្រាប់ឧទ្ទិសថ្វាយអាទិទេព ប្រាង្គដែលជាលំនៅរបស់អាទិទេពមានទំហំតូចៗមានតែពួកព្រាហ្មណ៍ បុរោហិត និងអ្នកថែររក្សាប្រាសាទទើបអាចចូលទៅក្នុងប្រាង្គនោះបាន ។ ប្រាង្គអាទិទេពមានរាងសាជីដោយគេយល់ថាជាដំណាងភ្នំព្រះសុមេរុដែលជាលំនៅដ្ឋានរបស់អាទិទេពក្នុងព្រាហ្មណ៍សាសនា ។ ប្រាង្គរបស់អាទិទេពស្ថិតនៅចំអ័ក្សនៃប្រាសាទ និងនៅកណ្ដាលប្រាង្គឯទៀតដែលជាលំនៅរបស់ទេវៈរាយរង និងរបស់យានជំនិះនៃអាទិទេព ។
ប្រាសាទខ្លះត្រូវបានគេសន្និដ្ឋានថាជា បណ្ណាល័យខ្លះទៀតត្រូវបានគេអះអាងថាជាក្នលែងទុកដាក់របស់ឬប្រដាប់ប្រដាសម្រាប់រៀបចំពីធី ។
គេសង្កេតឃើញនៅជិតប្រាសាទនិមួយៗតែងតែមានស្រះមួយជានិច្ច ។ គេតែងតែធ្វើកំពែងព័ទ្ធជុំវិញ ប្រាសាទខ្លះមានកំពែងច្រើនជាន់ នៅតាមជណ្ដើរដែលឡើងទៅកាន់កំពែងនិមួយៗមានគោបុរៈគឺជាជណ្ដើរដែលមានដំបូលរាងដូចប្រាង្គកណ្ដាលដែរ ។
គេសង្កេតឃើញប្រាសាទទាំងឡាយសង់បែរមុខទៅទិស ខាងកើត ព្រោះគេមានជំនឿថាទិសខាងកើតជាទិសដែលកើតមានសេចក្ដីចម្រើនរុងរឿងលើកលែងតែប្រាសាទពីរបីក្នុងរចនាបថអង្គរវត្តប៉ុណ្ណោះដែលបែរមុខទៅទិសខាងលិច ។
មានសម្មតិកម្មជាច្រើនចំពោះការបែរមុខទៅទិសខាងលិចនៃប្រាសាទអង្គរវត្តនេះ:
§ អ្នកខ្លះថាបើប្រាសាទអង្គរវត្តបែរមុខទៅទិសខាងកើតវាហាក់ដូចជាជិតស្ទឹងសៀមរាបពេកនាំឲ្យគ្មានកន្លែងធ្វើបុណ្យទាន ម៉្យាងទៀតផ្លូវទៅអង្គរធំនៅទិសខាងលិចស្រាប់ ។
§ អ្នកខ្លះថាបើបែរមុខទៅទិសខាងកើត ហាក់ដូចជាហុចគូទទៅលើប្រាសាទសំខាន់ៗឯទៀត ។
§ អ្នកខ្លះទៀតថាបានជាបុព្វបុរសយើងសាងប្រាសាទអង្គរវត្តបែរមុខទៅទិសខាងលិចព្រោះប្រាសាទនេះជាផ្នូររបស់ព្រះបាទសុរិយាវរ្ម័នទី ២ ។
Post a Comment